
កាលពីពេលកន្លងទៅថ្មីៗនេះសិល្បករ សិល្បការិនីបានប្រារព្ធកម្មវិធីតន្ត្រីសប្បុរសធម៌មួយ ក្នុងការលើកទឹកចិត្ត អាណិតស្រលាញ់និងយល់ពីគោលបំណង និងចេតនាល្អរបស់បេនដេវីស (BEN DEVIS) កាន់តែច្បាស់ កាន់តែច្រើន និងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធពីសារប្រយោជន៍ព្រៃឈើ និងសត្វព្រៃទៅដល់ប្រជាជនកម្ពុជា។

ជាភព្វសំណាងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ជូនលោក បេន ដេវីស (BEN DEVIS) និងសហគមន៍តាបស ខេត្តព្រះវិហារ នូវរថយន្ត១គ្រឿង និងម៉ូតូ ២គ្រឿង ជាអំណោយរបស់តាមរយៈប្រតិភូសមាជិករដ្ឋសភា ដឹកនាំដោយឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក(គណៈកម្មការ ទី៣) នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានស្វាគមន៍ប្រតិភូ និងការចូលរួមពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងព្រឹត្តិការនេះ។ ឯកឧត្តម បានចាត់ទុកថាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាការលើកទឹកចិត្តដល់ការចូលរួមពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ កាន់តែប្រសើរថែមទៀត។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ៖ ក្រសួងបរិស្ថានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងលើកទឹកចិត្តដល់ លោក បេន ដេវីស (BEN DEVIS) និងសហគមន៍តាបស ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្លាំងក្នុងការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានាលើការការពារ ថែរក្សាវប្បធម៌ ប្រពៃណី ក៏ដូចជាការការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ ដោយនិរន្តរភាព។ ឯកឧត្តម បានអំពាវនាវឱ្យ សហគមន៍ និងប្រជាពលរដ្ឋ សហការគ្នា និងមានការឯកភាពគ្នា ក្នុងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដៅយនិរន្តរភាព ព្រោះ«ធនធានធម្មជាតិ ជារបស់យើងទាំងអស់គ្នា»។



No comments:
Post a Comment