
បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះមួយក្រុមមានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្ត កម្លាំងជំនាញសាខាកាំកុងត្រូលខេត្ត បានធ្វើការបង្ក្រាបទីតាំងសិប្បកម្មមួយកន្លែង ដែលផលិតស្ករត្នោតក្លែងក្លាយ និងមិនមានច្បាប់អនុញ្ញាត និងធ្វើការឃាត់ខ្លួនម្ចាស់សិប្បកម្ម ស្ថិតនៅភូមិចាន់គីរី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ម្ចាស់ទីតាំងសិប្បកម្មផលិតស្ករត្នោតឈ្មោះ ផៃ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ បានប្រាប់ ចំពោះមុខសមត្ថកិច្ចចម្រុះថា ខ្លួនបានផលិតស្ករត្នោតពីខ្មោចឪពុករយៈពេល៨ឆ្នាំមកហើយ ដោយខ្លួនពុំដឹងថា មានការប៉ះពាល់ដល់សុខភាពចំពោះអ្នកទិញទៅទទួលទាន។


លោកស្នងការរងបន្តថា ម្ចាស់ទីតាំងឈ្មោះ ផៃ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅតាំងសិប្បកម្មខាងលើ ត្រូវបានឃាត់ខ្លួន និងដកហូតបានវត្ថុតាងរួមមាន ៖ ស្ករសចំនួន៩០០គីឡូក្រាម ឆ្នាំងខ្ទះត្នោតសម្រាប់រំងាស់ចំនួន២ ស្ករត្នោតមិនទាន់កែច្នៃចំនួន៣០ការ៉ុង ខ្ទះបំពាក់ម៉ូទ័រវាយស្ករត្នោតចំនួន១ សាច់ជូចំនួន៦០០ក្រាម ស្ករត្នោតកែច្នៃរួចចំនួន៥០គីឡូក្រាម និងសម្ភារៈមួយចំនួនទៀត។


លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្ត បានប្រាប់ថា ចំណុចយើងមកឃើញផ្ទាល់ភ្នែក ភស្តុតាងជាក់ស្តែងអង្គហេតុកើតជាបទល្មើស តែយ៉ាងណាមន្ត្រីជំនាញយើងត្រូវឆ្លងការវិភាគពិនិត្យ និងធាតុផ្សំទាំងឡាយវាមិនដូចគ្នាទេ កាលណាមានលធាតុផ្សំអីមួយ ចូលអ្វីទៅមួយទៀត មិនបានឆ្លងការវិភាគរកគុណភាព សុវត្ថិភាពជាក់លាក់ សម្រាប់បញ្ជូនដល់មនុស្ស ក្នុងការទទួលទាន ទោះបីជាយ៉ាងណាយើងមិនអាចវិភាគ ដោយដៃ នឹងភ្នែកបានទេ ត្រូវតែឆ្លងកាត់មន្ទីរពិសោធន៍។ អីចឹងបានយើងយកគំរូ ហើយយកទៅពិនិត្យនៅមន្ទីរពិសោធន៍ ដើម្បីសារធាតុគីមីក្នុងស្ករត្នោតមានអ្វីខ្លះ។ម្ចាស់ទីតាំងបានប្រាប់បន្តថា ស្ករត្នោតកែច្នៃនេះលាយផ្សំគ្នាចំនួន៤ប្រភេទ រួមមាន៖ ទឹកចំនួន១៤គីឡូក្រាម ស្ករស៥០គីឡូក្រាម ស្ករត្នោតសុទ្ធចំនួន១០គីឡូក្រាម និងសាច់ជូរចំនួន១០ក្រាម។


បច្ចុប្បន្ននេះសមត្ថកិចច្ចជំនាញបានឃាត់ខ្លួនម្ចាស់ទីតាំងសិប្បកម្មបណ្តុះអាសន្ន ដើម្បីយកទៅសាកសួរនាំបន្ថែមទៀត រីឯសម្ភារៈកែច្នៃ និងទីតាំង ត្រូវបានបិទទ្វារ៕





No comments:
Post a Comment