អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ច្រានចោល និងបដិសេធយ៉ាងម៉ឺងម៉ាត់ ការផ្សាយរបស់ អាស៊ីសេរីថា រដ្ឋាភិបាលគ្រោង កែប្រែរបបរាជានិយម ឲ្យទៅជារបបសាធារណរដ្ឋ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, February 1, 2019

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ច្រានចោល និងបដិសេធយ៉ាងម៉ឺងម៉ាត់ ការផ្សាយរបស់ អាស៊ីសេរីថា រដ្ឋាភិបាលគ្រោង កែប្រែរបបរាជានិយម ឲ្យទៅជារបបសាធារណរដ្ឋ

អាយឌីអូឡូជីញ៉ូស

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩  ម្សិលមិញនេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្ដីថ្លែងការណ៍ ច្រានចោល និងបដិសេធយ៉ាងម៉ឺងម៉ាត់បំផុតនូវការផ្សាយរបស់វិទ្យុអាស៊ីសេរី នូវព័ត៌មានមិនពិត មានលក្ខណៈបំភ័ន្ត និងបំពុលសាធារណមតិអំពី ផែនការរបស់រាជរដ្ឋាភិបាល គ្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កែប្រែរបបរាជានិយម អាស្រ័យធម្មនុញ្ញឱ្យ ទៅជារបបសាធារណរដ្ឋ ។

យោងតាមសេចក្ដីថ្លែងការណ៍ របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៅថ្ងៃទី១ កុម្ភៈនេះ បានបំភ្លឺជូនសាធារណមតិជាតិ និងអន្តរជាតិថា៖

១-មាត្រា១៥៥ ថ្មីនៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ចែងថា «ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យ ដោយរដ្ឋធម្មនុញ្ញ» ។ ម្យ៉ាងវិញទៀត មាត្រា ១៣៦ ថ្មីនៃរដ្ឋធម្មនុញ្ញ ក៏បានកំណត់អំពីបេសកកម្ម របស់ក្រុមប្រឹក្សា ធម្មនុញ្ញដែលចែងថា «ក្រុមប្រឹក្សាធម្មនុញ្ញ មានសមត្ថកិច្ចធានាការពារ ការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យ ចប់សព្វគ្រប់ហើយ»។

២-រដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ពិតជាបានដើរតួនាទីស្នូល និងជាឆ្អឹងខ្នង ដ៏រឹងមាំបំផុត នៅក្នុងដំណើរការនៃការនាំ មកវិញនូវរបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញទី២នេះ ហើយជានិច្ចកាលក៏ជា អ្នកការពារដាច់ខាតនូវរបបនេះដែរ ដែលប្រវត្តិសាស្ត្រក្នុងយុគសម័យនេះ បានទទួលស្គាល់ និងមិនអាចបដិសេធបានឡើយ ។

៣-នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើសច្ចាយ៉ាងច្បាស់ នៅចំពោះមុខព្រះសព របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ថា៖ «…ចំពោះសម្តេចឪ ទូលបង្គំនឹងការពារព្រះរាជបល្ល័ង្ក ការពាររាជានិយម ការពារសម្តេចម៉ែ ការពារព្រះមហាក្សត្រ។ សូមព្រះអង្គកុំព្រួយព្រះទ័យ។ ទូលបង្គំសច្ចាចំពោះ ព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គ សូមព្រះអង្គកុំបារម្ភ សូមព្រះអង្គយាងទៅកាន់សុគតិភព ។ ទូលបង្គំនឹងការពារ…..» ហើយ

៤-នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែន បាន គូសបញ្ជាក់សារឡើងវិញ នូវការប្តេជ្ញាចិត្តដាច់ខាត ក្នុងការការពាររបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ និងព្រះរាជបល្ល័ង្កថា៖ «…ត្រកូលហ៊ុន មិនមែនយកប្រទេសនេះ ធ្វើជាប្រទេសផ្តាច់មុខរបស់ខ្លួនទេ។ តែត្រកូលហ៊ុន សុំធានាការពារនូវសន្តិភាព សម្រាប់ប្រទេសនេះ ការពារនូវរាជបល្ល័ង្ក ការពាររបបរាជានិយម អាស្រ័យធម្មនុញ្ញ ការពារនូវព្រះមហាក្សត្រ ការពារនូវរដ្ឋធម្មនុញ្ញ ការពារអ្វីៗដែលជាសមិទ្ធផលសង្គមជាតិ។ សូមអ្នកទាំងឡាយ កុំញុះញង់បង្កើតចលាចល……»។

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ក៏អំពាវនាវដល់សាធារណមតិជាតិ និងអន្តរជាតិ កុំជឿឱ្យសោះនូវការ ផ្សាយព័ត៌មានក្លែងក្លាយ ជាទស្សនៈរបស់វិទ្យុអាស៊ីសេរីនេះ ដែលជានិច្ចកាល គ្មានគោលបំណងអ្វីក្រៅពីការបំភ័ន្ត មួលបង្កាច់ និងបំពុលសាធារណមតិ បង្កចលាចល បំបែកបំបាក់ធ្លុងសាមគ្គីជាតិ និងបំផ្លាញសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជានោះឡើយ។

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាន់ជំហរដាច់ខាតនិងឥតងាករេ ហើយទោះបីក្នុងតម្លៃណាក៏ដោយ ការពាររបបរាជានិយមអាស្រ័យ ដោយរដ្ឋធម្មនុញ្ញ ព្រះរាជបល្ល័ង្ក និងបាវចនាជាតិ សាសនា ព្រះមហាក្សត្រ ឱ្យបានគង់វង្ស ៕

សេចក្ដីថ្លែងការណ៍
សេចក្ដីថ្លែងការណ៍(ត)
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here